ភ្នំពេញ: ភ្ជាប់នឹងសកម្មភាពក្រុមកំប្លែងដឹកនាំដោយនាយ ពែកមី ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន ដែលត្រូវបានបណ្តាញសង្គមដឹងច្បាស់ថា ជីជី គប់ក្បាលនាយចឺមនឹងស្បែកជើងព្រោះនិយាយឈ្លើយបង្កឲ្យមានការភ្ញាក់ ផ្អើលជាមួយចម្ងល់ ជជីកសួរក្នុងហ្វេសប៊ុកថា៖ «វារឿងពិតឬជាការសម្តែងនោះ?» បុប្ផារីកក្នុងសួនសិល្បៈសាច់ឈាមស្រស់ថ្លាកញ្ញា ជីជី ក៏ទទួលស្គាល់ថាមិនមែនជាការប្រឌិតទេ។
នៅក្នុងបណ្តាញសង្គមដែលទាក់ទាញចំណាប់អារម្មណ៍ពីវីដេអូកំប្លែង ក្រុមនាយពែកមី មាន នាយចឺម នាយតាក់ស៊ី និងនាយក្រូចនាយចឺម បានបន្ទរសម្ដីឡើងដំបូងថា ជីជី ស្រីអញ និងបន្លប់កែស្ថានភាពទាំងសំណើចមហាជនអ្នកទស្សនាការផ្សាយផ្ទាល់ ក៏នាំគ្នាសើចកាច់កកាច់ស្រង់មកថា «មិនមែនទេ ជីជី ជាបងស្រីអញ» ដែលជំរុញពីនាយតាក់ស៊ីសម្តែងជាខលទូរស័ព្ទទៅជីជី ថា «ជីជី អាចឺម វាថា អូនឯងជាសង្សារវា និង គង់ វង្សយ៉ាទី ផង»។
រំពេចនោះស្បែកជើងកែងក៏ត្រូវបានបោះចូលមកកាន់ក្រុមកំប្លែងទាំង នាយតាក់ស៊ី ក៏ស្រែកឡើងថា៖ «អញថាមែនៗ ជីជី គប់ស្បែកជើងមកមែនត្រូវមាត់អញ» ខណៈដែលកញ្ញាជីជីជាពិធីការិនីក៏អង្គុយសើចផងដែរ។
យ៉ាងណាទោះជាវីដេអូកំប្លែងបានបង្កឲ្យមនុស្សជាច្រើនធូរ ពីអារម្មណ៍និងការទស្សនាបង្កជាបរិយាកាសសំណើចពីការសម្តែងនោះក្តី ប៉ុន្តែក៏មានមហាជនច្រើនបាននាំគ្នាលើកឡើងពីកាយវិការបែបឆ្គាំឆ្គង នេះ។ ពួកគេក៏ធ្វើការបញ្ចេញមតិបែបក្នុងន័យស្ថាបនាថា៖ «ជាការសម្តែងដែលក្រសែភ្នែកមនុស្សជុំវិញពិភពលោកមើលឃើញ។ យ៉ាងណាក៏គួរកុំយកកាយវិការបែបគប់ស្បែកជើងអ៊ីចឹង»។
បន្ថែមនោះពួកគេក៏បង្ហាញថា៖ «បើចៀសបានក៏ចៀសទៅពិតណាស់ក្នុងក្រុមគេមិនប្រកាន់ទេ។ តែមហាជនគាត់គិតថាមិនសមរម្យយកស្បែកជើងគប់គ្នាអ៊ីចឹងសូម្បីការ អប់រំក្មេងៗក៏ប្រាប់ថាកុំយកស្បែកជើងមកជន្លក្បាល។ កុំយកស្បែកជើងគប់គ្នា ស្បែកជើងពាក់ដើរនឹងដីវាមិនសមជាដើម»។
តបនូវការលើកឡើងខាងលើ កញ្ញា ជីជី មិនភ្ញាក់ផ្អើលឬប្រតិកម្មយ៉ាងណានោះទេ ដោយនាងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ការពិតវីដេអូនេះមិនមែនទើបតែកើតឡើងទេបង។ វាជាវីដេអូសម្តែងយូរហើយ»។ កញ្ញា ជីជី ថ្លែងច្បាស់ៗទៀតថា៖ «គ្មានអីផងក្រុមសម្តែងគាត់មិនថាអីទេ។ ពេលនោះហើយខ្ញុំក៏មិនបនគិតថាវាជាការប៉ះពាល់អីដែរ»។
ពិធីការិនីដែលប្រកាសថាមិនទាន់ត្រូវការស្នេហាទុកពេលប្រឡូក សិល្បៈសិនក៏បានរំឭកការសម្តែងឡើងវិញថា៖ «ពេលនេះ នាយចឺម គាត់ថាខ្ញុំជាសង្សារគាត់ អ៊ីចឹងហើយខ្ញុំក៏ផ្ទុះសំណើច សើចហើយក៏គប់ស្បែកជើងចូល ដើម្បីឲ្យកាន់តែមានភាពភ្ញាក់ផ្អើលដល់ពួកគាត់។ ខ្ញុំក៏មិនបានខឹងគាត់ដែលគាត់ថាខ្ញុំសង្សារគាត់ទេ។ តែអ្វីដែលខ្ញុំធ្វើពេលនោះ គប់ស្បែកជើងចូលក្នុងក្រុមកំប្លែងក៏មិនមែនជាការគុំកួនអីដែរ។ ដូចខ្ញុំប្រាប់ខាងលើអ៊ីចឹងគឺធ្វើដើម្បីសម្តែងឲ្យវាប្លែក និងបានសប្បាយប៉ុណ្ណោះ»៕
0 comments:
Post a Comment